TikTok LogoTikTok Logo

គោលការណ៍ណែនាំ​សហគមន៍

ទិដ្ឋភាព​ទូទៅ

បានចេញផ្សាយនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2024

មានប្រសិទ្ធភាពនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024

TikTok គឺជាប្រភពកម្សាន្តដ៏សម្បូរបែបដែលអ្នកអាចស្វែងរក បង្កើត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀតនៅលើពិភពលោក។បេសកកម្ម​របស់​យើង​គឺ​បំផុសឱ្យមាន​ភាពច្នៃប្រឌិត និង​នាំ​មកនូវភាពសប្បាយ​រីករាយ។

យើងមានគោលការណ៍ណែនាំសហគមន៍ ដើម្បីបង្កើតបទពិសោធប្រកបដោយភាពស្វាគមន៍ មាន​សុវត្ថិភាព និងសប្បាយរីករាយ។គោលការណ៍ណែនាំទាំងនេះអនុវត្តចំពោះមនុស្សគ្រប់រូប និងអ្វីៗដែលមាននៅលើផ្លេតហ្វមរបស់យើង។គោលការណ៍ណែនាំទាំងនេះរួមបញ្ចូលវិធានសម្រាប់អ្វីៗដែលត្រូវបានអនុញ្ញាតឱ្យមាននៅលើ TikTok ព្រមទាំងស្តង់ដារសម្រាប់អ្វីដែលមានសិទ្ធិសម្រាប់ហ្វីត «សម្រាប់អ្នក» (FYF)។ដើម្បីដោះស្រាយហានិភ័យ និងគ្រោះថ្នាក់ថ្មីៗ គោលការណ៍ណែនាំទាំងនេះត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។

ដើម្បីជួយអ្នកក្នុងការអានគោលការណ៍ណែនាំទាំងនេះ យើងបានរៀបចំគោលការណ៍ណែនាំទាំងនេះទៅតាមប្រធានបទ និងរំលេចវិធាននីមួយៗជាពណ៌ដិត។នៅក្រោមផ្នែកនីមួយៗ អ្នកអាចចុចលើ ព័ត៌មានបន្ថែម ដើម្បីមើលនិយមន័យ ឧទាហរណ៍ និងការបញ្ជាក់ពាក់ព័ន្ធនឹងសំណួរទូទៅ។ឧទាហរណ៍ទាំងនេះមិនគ្របដណ្ដប់លើអ្វីៗគ្រប់យ៉ាងទេ (យើងប្រាប់អ្នកបែបនេះនៅពេលនេះ ដើម្បីកុំឱ្យអ្នកចាំបាច់ត្រូវអានឃ្លា «រួមមានជាអាទិ៍» ដដែលៗ)។ប្រសិនបើអ្នកមានមន្ទិលអំពីអ្វីដែលត្រូវចែករំលែក សូមមានការយោគយល់ និងប្រព្រឹត្តចំពោះអ្នកដទៃដូចអ្វីដែលអ្នកចង់ឱ្យអ្នកដទៃប្រព្រឹត្តចំពោះអ្នក។

សូមអរគុណចំពោះការជួយរក្សាឱ្យ TikTok ជាកន្លែងដែលស្វាគមន៍ចំពោះអ្នកគ្រប់គ្នា!

ការសម្របសម្រួលខ្លឹមសារ

ការរក្សាផ្លេតហ្វមរបស់យើងឱ្យមានសុវត្ថិភាព គួរឱ្យទុកចិត្ត និងមានភាពរស់ររើកតម្រូវឱ្យមានការថ្លឹងថ្លែងអំពីការសម្ដែងមតិប្រកបដោយភាពច្នៃប្រឌិត និងការបង្ការគ្រោះថ្នាក់។យើងប្រើប្រាស់ការរួមបញ្ចូលគ្នានៃវិធីសាស្ត្រសុវត្ថិភាព ដើម្បីធ្វើឱ្យមានតុល្យភាពសិទ្ធិ៖

លុបខ្លឹមសារដែលយើងមិនអនុញ្ញាត

គ្រប់គ្នាដែល ចូលរួមក្នុង TikTok មានលទ្ធភាពចែករំលែកខ្លឹមសារនៅលើផ្លេតហ្វមដោយសេរី។ប៉ុន្តែយើងលុបខ្លឹមសារ (មិនថាបង្ហោះជាឯកជន ឬសាធារណៈនោះទេ) នៅពេលយើងរកឃើញថាខ្លឹមសារនោះបំពានវិធានរបស់យើង។

ដាក់កំហិតខ្លឹមសារដែលមិនសមរម្យសម្រាប់យុវវ័យ

យើងអនុញ្ញាតឱ្យមានខ្លឹមសារច្រើនប្រភេទនៅលើផ្លេតហ្វមរបស់យើង ប៉ុន្តែយើងក៌ដឹងថាមិនមែនគ្រប់ផ្នែកទាំងអស់នៃខ្លឹមសារនេះសមរម្យសម្រាប់ទស្សនិកជនវ័យក្មេងទេ។យើងដាក់កំហិតខ្លឹមសារដែលមិនសមរម្យ ដើម្បីឱ្យមើលឃើញតែមនុស្សពេញវ័យប៉ុណ្ណោះ (អាយុ 18 ឆ្នាំឡើងទៅ)។សេចក្ដីសង្ខេបអំពីប្រភេទខ្លឹមសារដែលបានដាក់កំហិតមាននៅទីនេះ

មិនផ្ដល់សិទ្ធិទទួលបាន ចំពោះខ្លឹមសារ FYF ដែលមិនបំពេញតាមស្ដង់ដារណែនាំរបស់យើង

FYF គឺជាឱកាសស្វែងរកខ្លឹមសារថ្មី និងផ្សាយដល់ទស្សនិកជនថ្មីៗ ប៉ុន្តែវាមិនធានាថាខ្លឹមសារទាំងអស់នឹងត្រូវបានណែនាំនោះទេ។ខ្លឹមសារដែលមិនបំពេញតាមស្តង់ដាររបស់យើងនឹងមិនមានសិទ្ធិទទួលបាន FYF ឡើយ។សេចក្ដីសង្ខេបអំពីស្តង់ដារទាំងនេះមាន នៅទីនេះ

ផ្ដល់អំណាច ដល់សហគមន៍របស់យើងតាមរយៈព័ត៌មាន ឧបករណ៍ និងធនធាននានា

យើងចង់ធ្វើឱ្យប្រាកដថា អ្នកមានព័ត៌មានត្រឹមត្រូវ ដើម្បីជួយអ្នកក្នុងការគ្រប់គ្រងបទពិសោធប្រើប្រាស់របស់អ្នកនៅលើ TikTok។យើងអាចនឹងបញ្ចូលស្លាក អេក្រង់ «ជ្រើសរើស» ឬការព្រមាន ដើម្បីផ្ដល់បរិបទបន្ថែម។កញ្ចប់ឧបករណ៍សុវត្ថិភាពរបស់យើងអាចជួយឱ្យអ្នកត្រងខ្លឹមសារដែលមានហាស់ថេក ឬខ្លឹមសារដែលអ្នកមិនចង់មើលឃើញ ហើយយើងក៏ផ្ដល់ ការគ្រប់គ្រងគណនី និងមុខងារក្នុងកម្មវិធីជាមួយនឹងធនធានសុវត្ថិភាពផងដែរ